តីណិកិង្កណិបូជកត្ថេរាបទានទី ៤
ក្បាលទី 61 · ទំព័រ 56
មានភ្នំមួយឈ្មោះភូតគណៈ នៅជិតព្រៃហិមពាន្ត ខ្ញុំបានឃើញ សំពត់បង្សុកូលដែលគេព្យួរលើចុងឈើក្បែរភ្នំនោះ ។ កាលនោះ ខ្ញុំជាអ្នករីករាយ មានចិត្តត្រេកអរ បានបេះផ្កាកណ្តឹង ៣ បូជាចំពោះសំពត់ បង្សុកូល នោះ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ កាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើ កុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផ្កាកណ្តឹង ៣ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះតីណិកិង្កណិបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។