ចម្បកបុប្ផិយត្ថេរាបទានទី ៦

ក្បាលទី 61 · ទំព័រ 58

មានភ្នំមួយ ឈ្មោះឆាបលៈ នៅជិតព្រៃហិមពាន្ត ព្រះពុទ្ធព្រះនាម សុទស្សនៈ ស្តេចគង់ត្រង់ចន្លោះភ្នំ ។ កាលនោះ ខ្ញុំកាន់យកផ្កាមានសម្បុរ ដូចមាស ហើយហោះទៅតាមអាកាស បានឃើញព្រះសម្ពុទ្ធដែលប្រាសចាក ធូលី គឺកិលេស ស្តេចទ្រង់ឆ្លងឱឃៈហើយ ទ្រង់មិនមានអាសវៈ ។ លុះ ឃើញ ខ្ញុំតម្កល់នូវផ្កាចម្បា ៧ លើក្បាល បូជាដល់ព្រះសម្ពុទ្ធជាសយម្ភូ ទ្រង់ស្វែងរកនូវគុណដ៏ធំ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែល ខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះចម្បកបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំង នេះ ដោយប្រការដូច្នេះ ។