តិណមុដ្ឋិទាយកត្ថេរាបទានទី ៨
មានភ្នំមួយឈ្មោះលម្ពកៈ នៅជិតព្រៃហិមពាន្ត ព្រះសម្ពុទ្ធ ព្រះនាមឧបតិស្សៈ ទ្រង់ចង្រ្កមក្នុងទីវាលជិតភ្នំនោះ ។ កាលនោះ ខ្ញុំបានកើត ជាព្រានម្រឹគនៅក្នុងព្រៃធំ បានឃើញព្រះសយម្ភូនោះ ជាទេវតាក្រៃលែង ជាងទេវតាទ្រង់ឈ្នះមារ ។ លុះឃើញហើយ ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយ ស្មៅមួយក្តាប់ដល់ព្រះសម្ពុទ្ធអង្គនោះ ទ្រង់ស្វែងរកនូវគុណដ៏ធំ សម្រាប់ក្រាល គង់ ។ លុះខ្ញុំថ្វាយដល់ព្រះសម្ពុទ្ធ ជាទេវតាក្រៃលែងជាងទេវតាហើយ ក៏ ញ៉ាំងចិត្តឲ្យជ្រះថ្លាដ៏ក្រៃលែង ថ្វាយបង្គំព្រះសម្ពុទ្ធឈមមុខទៅកាន់ទិសឧត្តរ ហើយដើរចេញទៅ ។ ខ្ញុំកំពុងដើរទៅ មិនយូរបុន្មាន ស្តេចម្រឹគ គឺសីហៈ ក៏ខាំខ្ញុំ ខ្ញុំដែលត្រូវសីហៈខាំផ្តួលហើយនោះ ក៏ធ្វើមរណកាលត្រង់កន្លែងនោះ ។ ព្រោះកុសលកម្មដែលខ្ញុំធ្វើហើយ ចំពោះព្រះសម្ពុទ្ធដ៏ប្រសើរមិនមានអាសវៈ ក្នុងពេលជិតមរណៈនោះ ខ្ញុំក៏បានទៅកើតឯឋានទេវលោក ដូចកម្លាំងសរ ដែលរបូតចេញ ។ ប្រាសាទជាវិការៈនៃកែវមណីមានពណ៌ខៀវដែលបុញ្ញកម្មនិម្មិតហើយសម្រាប់ខ្ញុំ ក្នុងទេវលោកនោះ ជាប្រាសាទដ៏ល្អ មានកម្ពស់ មួយពាន់ជួរកូនសរ មានជាន់ ១០០ បរិបូណ៌ដោយទង់ ។ ពន្លឺនៃប្រាសាទ នោះផ្សាយចេញទៅ ដូចព្រះអាទិត្យរះឡើង ខ្ញុំជាអ្នកប្រាថ្នា រីករាយក្នុងកាម កុះករដោយស្រីទេពកញ្ញា ។ ខ្ញុំច្យុតចាកទេវលោកហើយ ត្រូវកុសលមូល ដាស់តឿន ក៏បានមកកាន់មនុស្សភាព ហើយដល់នូវការក្ស័យនៃអាសវៈ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបាន ថ្វាយស្មៅសម្រាប់អង្គុយ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃស្មៅមួយក្តាប់ ។