សទ្ទសញ្ញិកវគ្គោ
ក្បាលទី 61 · ទំព័រ 64
ពីជាតិមុន ខ្ញុំជាព្រានម្រឹគនៅក្នុងព្រៃធំ ខ្ញុំបានឃើញព្រះសម្ពុទ្ធ មានពួកទេវតាចោមរោម ក្នុងទីនោះ ដែលកំពុងទ្រង់ប្រកាសនូវសច្ចៈ ៤ ស្រោចស្រង់មហាជន ខ្ញុំបានស្តាប់នូវព្រះពុទ្ធដីកាដ៏ពីរោះ ឧបមាដូចសម្រែក នៃករវិក ។ ខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងព្រះសូរសៀងគឹកកងរបស់ព្រះមុនី ព្រះនាម សិខី ជាលោកពន្ធុ មានព្រះសូរសៀងដូចសំឡេងនៃព្រហ្ម ហើយដល់ នូវការអស់ទៅនៃអាសវៈ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើនូវកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃសេចក្តីជ្រះថ្លា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសទ្ទសញ្ញិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។