យវកលាបិយត្ថេរាបទានទី ២

ក្បាលទី 61 · ទំព័រ 64

ក្នុងកាលនោះ ខ្ញុំជាអ្នកធ្វើស្រែនៃស្រូវដំណើបនៅក្នុងនគរ អរុណវតី បានឃើញព្រះសម្ពុទ្ធក្នុងផ្លូវ ក៏បានក្រាលកណ្តាប់ស្រូវដំណើប ( ថ្វាយព្រះអង្គ ) ។ ព្រះសិខី ព្រះអង្គជាអគ្គនាយកក្នុងលោក មានសេចក្តី អនុគ្រោះ មានសេចក្តីករុណា ទ្រង់ជ្រាបនូវសេចក្តីត្រិះរិះរបស់ខ្ញុំ ហើយគង់លើ កម្រាលនៃស្រូវដំណើបនោះ ។ ខ្ញុំលុះបានឃើញ ( ព្រះសម្ពុទ្ធនោះ ) ព្រះអង្គ គ្មានមន្ទិល មានឈានដ៏ប្រសើរ ជាអ្នកដឹកនាំ ( សត្វលោក ) កំពុង គង់នៅ ក៏ញ៉ាំងប្រាមោទ្យឲ្យកើតឡើង ហើយធ្វើមរណកាលក្នុងទីនោះ ។ ក្នុង កប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃកម្រាលកណ្តាប់ស្រូវដំណើប ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះយវកលាបិយត្ថេរ មានអាយុបានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។