ទណ្ឌទាយកត្ថេរាបទានទី ៥

ក្បាលទី 61 · ទំព័រ 67

ក្នុងកាលនោះ ខ្ញុំបានចូលទៅក្នុងព្រៃធំ ហើយកាប់នូវឫស្សី យកមកធ្វើបង្កាន់ដៃប្រគេនដល់ព្រះសង្ឃ ។ ដោយចិត្តជ្រះថ្លានោះ ខ្ញុំថ្វាយបង្គំ ព្រះសង្ឃដែលមានវត្តដ៏ល្អ លុះប្រគេននូវបង្កាន់ដៃហើយ ក៏បែរមុខឆ្ពោះ កាន់ឧត្តរទិស ដើរចេញទៅ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានប្រគេននូវបង្កាន់ដៃ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃការប្រគេនបង្កាន់ដៃ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ ហើយ ។ បានឮថា ព្រះទណ្ឌទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។