អមយាគុទាយកត្ថេរាបទានទី ៦
ក្បាលទី 61 · ទំព័រ 67
ព្រះបច្ចេកសម្ពុទ្ធ ព្រះនាមសតរង្សី ត្រាស់ដឹងឯង គ្មានសត្រូវ ផ្ចាលផ្ចាញ់បាន ទ្រង់ចេញអំពីសមាធិ ហើយស្តេចសំដៅមករកខ្ញុំដើម្បីភិក្ខា ។ ខ្ញុំបានឃើញព្រះបច្ចេកពុទ្ធ ដែលមានព្រះហបឫទ័យស្អាត ខ្ញុំមានចិត្តជ្រះថ្លាបាន ប្រគេនបបរស្វាយ ដល់ព្រះបច្ចេកពុទ្ធនោះ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបបរស្វាយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ ហើយ ។ បានឮថា ព្រះអម្ពយាគុទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។