មន្ទារវបុប្ផិយវគ្គោ
ក្បាលទី 61 · ទំព័រ 72
ខ្ញុំជាទេវតាកំលោះឈ្មោះមង្គលៈ ចេញអំពីឋានតាវត្តិង្ស ហើយ មកក្នុងទីនេះ បានយកផ្កាមន្ទារវៈ បាំងលើព្រះសិរ្សៈនៃព្រះពុទ្ធព្រះនាមវិបស្សី ព្រះអង្គស្វែងនូវគុណដ៏ធំ ដែលគង់នៅដោយសមាធិ លុះខ្ញុំបាំងថ្វាយអស់ ៧ ថ្ងៃហើយ ទើបបានទៅកាន់ទេវលោកវិញ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះមន្ទារវិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះដោយ ប្រការដូច្នេះ ។