ភិសមុឡាលទាយកត្ថេរាបទានទី ៣

ក្បាលទី 61 · ទំព័រ 73

ព្រះសម្ពុទ្ធព្រះនាមផុស្សៈ ព្រះអង្គដល់នូវត្រើយនៃធម៌ទាំងពួង ទ្រង់ប្រាថ្នានូវវិវេក ទ្រង់ប្រកបដោយបញ្ញា បានស្តេចមកក្នុងសំណាក់ របស់ខ្ញុំ ។ ខ្ញុំបានញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងព្រះជិនស្រី ព្រះអង្គប្រកបដោយ មហាករុណានោះ ហើយបានយកក្រអៅឈូកថ្វាយដល់ព្រះពុទ្ធដ៏ប្រសើរ ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយ ក្រអៅឈូក ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយក្រអៅឈូក ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះភិសមុឡាលទាយកត្ថេរមានអាយុ ទាំងនេះ ដោយប្រការដូច្នេះ ។