អង្កោលបុប្ផិយត្ថេរាបទានទី ៥

ក្បាលទី 61 · ទំព័រ 75

ក្នុងកាលនោះ ព្រះសម្ពុទ្ធព្រះនាមបទុមៈ គង់នៅលើភ្នំចិត្តកូដ ខ្ញុំបានឃើញព្រះពុទ្ធជាសយម្ភូអង្គនោះហើយ ក៏ចូលទៅជិត ។ ក្នុងកាល នោះ ខ្ញុំបានឃើញផ្កាអង្កោលរីក ហើយបេះកាន់ដើរចូលទៅ បូជាព្រះជិនស្រី សម្ពុទ្ធព្រះនាមបទុមៈ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះ ហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះអង្កោលបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។