សលឡបុប្ផិយត្ថេរាបទានទី ១០
ក្នុងកាលនោះ ខ្ញុំកើតជាកិន្នរ នៅទៀបឆ្នេរស្ទឹងចន្ទភាគា បាន ឃើញ ( នូវព្រះវិបស្សីសម្ពុទ្ធ ) ព្រះអង្គជាទេវតាកន្លងទេវតា ប្រសើរជាង ពួកនរជន កំពុងចង្រ្កមក្នុងទីនោះ ។ ខ្ញុំបានបេះផ្កាស្រល់ បូជាដល់ព្រះពុទ្ធ ដ៏ប្រសើរ ឯព្រះសម្ពុទ្ធមានព្យាយាមធំ ទ្រង់បានស្រងក្លិនផ្កាស្រល់ ជាក្លិន ទិព្វ ។ ក្នុងកាលនោះឯង ព្រះវិបស្សីសម្ពុទ្ធ ជាលោកនាយក មានព្យាយាម ធំ ទ្រង់បានទទួលហើយ ស្រងក្លិនផ្ការបស់ខ្ញុំ ដែលខ្ញុំកំពុងតែក្រឡេកមើល ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានផ្គងអញ្ជលីថ្វាយបង្គំព្រះទិបទុត្តមាចារ្យ ហើយឡើងទៅលើភ្នំវិញ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុ ដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសលឡបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។ ចប់ សលឡបុប្ផិយត្ថេរាបទាន ។ ឧទ្ទាន មន្ទារវិយត្ថេរាបទាន ១ កក្ការុបុប្ផិយត្ថេរាបទាន ១ ភិសមុឡាលទាយកត្ថេរាបទាន ១ កេសរបុប្ផិយត្ថេរាបទាន ១ អង្កោលបុប្ផិយត្ថេរាបទាន ១ កទម្ពបុប្ផិយត្ថេរាបទាន ១ ឧទ្ទាលកបុប្ផិយត្ថេរាបទាន ១ ឯកចម្បកបុប្ផិយត្ថេរាបទាន ១ តិមិរបុប្ផិយត្ថេរាបទាន ១ សលឡបុប្ផិយត្ថេរាបទាន ១ មានគាថា ៤០ ។