បាដលិបុប្ផិយត្ថេរាបទានទី ២

ក្បាលទី 61 · ទំព័រ 81

ព្រះជិនស្រីមានព្រះភាគ ព្រះនាមវិបស្សី ព្រះអង្គត្រាស់ដឹង ឯង ជាបុគ្គលដ៏ប្រសើរ មានពពួកសិស្សហែហម ហើយស្តេចចូលទៅកាន់ ពន្ធុមតីនគរ ។ ខ្ញុំបានដក់ផ្កាច្រនៀង ៣ ទងក្នុងថ្នក់ ខ្ញុំប្រាថ្នានឹងកក់ក្បាល ខ្ញុំបានដើរទៅកាន់ឆ្នេរស្ទឹង ។ ខ្ញុំចេញអំពីក្រុងពន្ធុមតី បានឃើញព្រះពុទ្ធ ជា លោកនាយក ទ្រង់ដូចជាដើមរាជព្រឹក្សដ៏រុងរឿង កំពុងឆេះ ទ្រង់ដូចជាខ្លាធំ ឬដូចគោឧសភដ៏ប្រសើរ ឬក៏ដូចកេសររាជសីហ៍ មានជាតិដ៏ខ្ពស់ ព្រះអង្គ ប្រសើរជាងពួកសមណៈ កំពុងស្តេចទៅ ដោយមានភិក្ខុសង្ឃចោមរោម ខ្ញុំ ជ្រះថ្លាចំពោះព្រះសុគតអង្គនោះ ទ្រង់លាងមន្ទិល គឺកិលេស ហើយខ្ញុំកាន់ យកផ្កាច្រនៀងទាំង ៣ ទង បូជាព្រះពុទ្ធដ៏ប្រសើរ ។ ក្នុងកប្បទី ៩១ អំពី កប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃពុទ្ធបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះបាដលិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំង នេះ ដោយប្រការដូច្នេះ ។