តីណុប្បលមាលិយត្ថេរាបទានទី ៣
ក្នុងកាលនោះ ខ្ញុំកើតជាស្វា នៅទៀបឆ្នេរស្ទឹងចន្ទភាគា បាន ឃើញព្រះពុទ្ធដែលប្រាសធូលី គឺរាគៈ គង់នៅនាចន្លោះភ្នំ ។ លុះខ្ញុំបានឃើញ ( ព្រះសម្ពុទ្ធនោះ ) ទ្រង់ប្រកបដោយលក្ខណៈនិងព្យញ្ជនៈ ដែលកំពុងញ៉ាំង ទិសទាំងពួងឲ្យភ្លឺស្វាង ដូចជាផ្កាសាលរាជព្រឹក្សរីកហើយ ខ្ញុំក៏មានចិត្តត្រេកអរ ។ លុះខ្ញុំមានចិត្តខ្ពស់ឡើង មានចិត្តសោមនស្ស មានចិត្តរីករាយដោយបីតិ ហើយបូជាផ្កាទាំង ៣ លើព្រះសិរ្សៈ ។ លុះខ្ញុំបូជាផ្កាទាំងឡាយ ដល់ព្រះ ផុស្សសម្ពុទ្ធ ព្រះអង្គស្វែងរកនូវគុណដ៏ធំហើយ ខ្ញុំក៏ធ្វើសេចក្តីគោរព រួចបែរ មុខ ឆ្ពោះទៅកាន់ឧត្តរទិស ដើរចៀសចេញទៅ ។ ខ្ញុំកំពុងដើរថយក្រោយ ទាំង មានចិត្តជ្រះថ្លា ក៏ធ្លាក់ទៅក្នុងជ្រោះភ្នំដល់នូវការអស់ទៅនៃជីវិត ដោយកុសលកម្ម ដែលខ្ញុំធ្វើនោះផង ដោយការតម្កល់នូវចេតនានោះផង លុះខ្ញុំលះបុរិមជាតិ នោះហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស បានសោយទេវរាជ្យអស់បីរយដង បានជាស្តេចចក្រពត្តិអស់ប្រាំរយដង ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះ ហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះតីណុប្បលមាលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។