បត្តិបុប្ផិយត្ថេរាបទានទី ៤
វេលាដែលព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ព្រះអង្គស្វែងរក នូវគុណដ៏ធំ បរិនិព្វានហើយ ពួកជនទាំងអស់នោះ នាំគ្នាមកប្រជុំ រំកិលនូវ ព្រះសរីរៈ កាលកំពុងរំកិលព្រះសរីរៈ កំពុងវាយស្គរ ( លាន់ឮគឹកកងរំពង ) ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបូជាផ្កាជាចំណែកបុណ្យ ។ ក្នុងកប្បទី មួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃការបូជាព្រះសរីរៈ ។ ឱ ខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធ របស់ខ្ញុំល្អណាស់តើហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយដោយលំដាប់ ពុទ្ធសាសនា ខ្ញុំបានធ្វើហើយ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួងខ្ញុំ ដកចោលចេញហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីកាត់នូវចំណង ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះបត្តិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះដោយ ប្រការដូច្នេះ ។