សត្តបណ្ណិយត្ថេរាបទានទី ៥
ក្បាលទី 61 · ទំព័រ 84
ព្រះសម្ពុទ្ធព្រះនាមសុមនៈ ជាលោកនាយក ទ្រង់ត្រាស់ឡើង ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបូជានូវផ្កាសត្តបណ្ណិ ( ដល់ព្រះអង្គ ) ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបាន បូជាផ្កា សត្តបណ្ណិ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាផ្កាសត្តបណ្ណិ ។ ឱ ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបាន ដល់ហើយ ដោយលំដាប់ ពុទ្ធសាសនាខ្ញុំបានធ្វើហើយ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួងខ្ញុំដកចោលចេញហើយ ខ្ញុំជាបុគ្គល មិនមានអាសវៈ ដូចជាដំរីកាត់នូវចំណង ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំ ក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសត្តបណ្ណិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។