ចិតកបូជកត្ថេរាបទានទី ៧

ក្បាលទី 61 · ទំព័រ 85

កាលព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈបរិនិព្វាន កាលគេ កំពុងលើកជើងថ្ករ ខ្ញុំបានបូជាផ្ការាំងភ្នំ ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជា ជើងថ្ករ ។ ឱ ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំល្អណាស់ហ្ន៎ វិជ្ជា ខ្ញុំបានដល់ហើយដោយលំដាប់ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ ។ កិលេស ទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលចេញហើយ ខ្ញុំជា បុគ្គលមិនមានអាសវៈ ដូចជាដំរីកាត់នូវចំណង ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះចិតកបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ ប្រការដូច្នេះ ។