សុមនទាមិយត្ថេរាបទានទី ៩
ក្បាលទី 61 · ទំព័រ 87
ខ្ញុំធ្វើកម្រងផ្កាម្លិះ ហើយឈរបាំងថ្វាយចំពោះព្រះភក្ត្រនៃព្រះមាន ព្រះភាគព្រះនាមសិទ្ធត្ថៈ ព្រះអង្គមានកិលេសលាងហើយ មានតបធម៌ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាកម្រងផ្កា ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃកម្រងផ្កាម្លិះ ។ ឱ ដំណើរដែលខ្ញុំមកក្នុងសម្នាក់ ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយដោយលំដាប់ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភព ទាំងពួង ខ្ញុំដកចោលចេញហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចដំរីកាត់នូវ ចំណង ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសុមនទាមិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។