កាសុមារិផលទាយកត្ថេរាបទានទី ១០

ក្បាលទី 61 · ទំព័រ 88

ខ្ញុំបានឃើញព្រះពុទ្ធ ព្រះអង្គប្រាសចាកធូលីគឺរាគៈ ជាច្បង ក្នុងលោក ប្រសើរជាងនរៈ ដែលគង់នៅនាចន្លោះភ្នំ ទ្រង់រុងរឿងដូចផ្កា កណិការ ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានធ្វើអញ្ជលីលើត្បូងហើយ កាន់ផ្លែកាសុមារិព្រឹក្ស ថ្វាយដល់ព្រះពុទ្ធដ៏ប្រសើរ ។ ក្នុងកប្បទី ៣១ អំពី កប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃផលទាន ។ ឱ ដំណើរដែលខ្ញុំមកក្នុងសម្នាក់ព្រះពុទ្ធ របស់ខ្ញុំល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយដោយលំដាប់ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលចេញហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីកាត់នូវចំណង ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះកាសុមារិផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។ ឧទ្ទាន ពោធិវន្ទកត្ថេរាបទាន ១ បាដលិបុប្ផិយត្ថេរាបទាន ១ តីណុប្បលមាលិយត្ថេរាបទាន ១ បត្តិបុប្ផិយត្ថេរាបទាន ១ សត្តបណ្ណិយត្ថេរាបទាន ១ គន្ធមុដ្ឋិយត្ថេរាបទាន ១ ចិតកបូជកត្ថេរាបទាន ១ សុមនតាលវណ្តិយត្ថេរាបទាន ១ សុមនទាមិយត្ថេរាបទាន ១ កាសុមារិផលទាយកត្ថេរាបទាន ១ មាន គាថា ៥៩ ។