ផារុសផលទាយកត្ថេរាបទានទី ៥

ក្បាលទី 61 · ទំព័រ 94

ខ្ញុំបានឃើញព្រះសម្ពុទ្ធ ព្រះអង្គមានវណ្ណៈដូចមាស ព្រះអង្គ គួរទទួលនូវគ្រឿងសក្ការៈ ដែលពួកជននាំមកបូជា កំពុងស្តេចទៅក្នុងច្រក ហើយខ្ញុំប្រគេនផ្លែមាក់ប្រាង ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែល ខ្ញុំបានថ្វាយផ្លែ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន ។ ឱ ដំណើរ ដែលខ្ញុំមកក្នុងសម្នាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់តើហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ ដោយលំដាប់ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ ។ កិលេសទាំងឡាយ ខ្ញុំដុត បំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលចេញហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីកាត់នូវចំណង ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ ហើយ ។ បានឮថា ព្រះផារុសផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។