វល្លិផលទាយកត្ថេរាបទានទី ៦
ក្នុងកាលនោះ ជនទាំងពួងមកប្រជុំគ្នាក្នុងព្រៃ ជនទាំងឡាយ នោះ បាននាំគ្នាស្វែងរកផ្លែឈើ ក៏បាននូវផ្លែឈើ ។ ក្នុងកាលនោះ ខ្ញុំបាន ឃើញព្រះសម្ពុទ្ធ ព្រះអង្គត្រាស់ដឹងឯង ទ្រង់ឈ្នះកិលេស ក្នុងទីនោះ ខ្ញុំក៏ មានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយផ្លែវល្លិ ។ ក្នុងកប្បទី ៣១ អំពី កប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃផលទាន ។ ឱ ដំណើរដែលខ្ញុំមកក្នុងសម្នាក់ព្រះពុទ្ធ របស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយដោយលំដាប់ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួងខ្ញុំ ដកចោលចេញហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីកាត់នូវចំណង ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះវល្លិផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។