បុព្វកម្មបិលោតិនាមពុទ្ធាបទានទី ១០
ព្រះលោកនាយក មានភិក្ខុសង្ឃច្រើនចោមរោម ទ្រង់គង់ លើផ្ទៃនៃថ្មជាទីរីករាយ ជិតស្រះអនោតត្ត រុងរឿងដោយរតនៈផ្សេងៗ ក្នុង ចន្លោះនៃព្រៃ មានក្លិនផ្កាផ្សេងៗ ទ្រង់ព្យាករនូវបុព្វកម្មរបស់ព្រះអង្គ ក្នុងទីនោះ ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវអំពើរបស់តថាគត ដែលបានធ្វើទុកមកហើយ ដូចតទៅនេះ តថាគតបានឃើញនូវភិក្ខុមួយរូបនៅក្នុង ព្រៃ ហើយបានប្រគេនកំណាត់សំពត់ ។ ក្នុងកាលនោះ តថាគតបានប្រាថ្នា ជាព្រះសម្ពុទជាដំបូង ដើម្បីការត្រាស់ដឹង ឯសេចក្តីប្រាថ្នានោះ ក៏ឲ្យផលក្នុង ការបានត្រាស់ជាព្រះពុទ្ធ ដោយអំណាចនៃបិលោតិកម្ម ។ ក្នុងកាលមុន តថាគត កើតជានាយគោបាល កេងោមេគោទៅកាន់ទីគោចរ បានឃើញមេគោកំពុង ផឹកទឹកល្អក់ ហើយដេញចេញ ។ ដោយវិបាកនៃកម្មនោះ ក្នុងបច្ឆិមភពនេះ តថាគតស្រេកទឹក ហើយមិនបានផឹក ដូចសេចក្តីប្រាថ្នា ។ កាលភពមុន ក្នុងជាតិដទៃ តថាគតជាអ្នកលេង ឈ្មោះបុនាលិ បានពោលបង្កាច់នូវព្រះ បច្ចេកពុទ្ធ ព្រះនាមសុរភី ព្រះអង្គជាបុគ្គលមិនប្រទូស្តឡើយ ។ ដោយវិបាក នៃកម្មនោះ តថាគតអន្ទោលទៅក្នុងនរក អស់កាលដ៏យូរ រងទុក្ខវេទនាអស់ ពាន់នៃឆ្នាំដ៏ច្រើន ។ ដោយសំណល់នៃកម្មនោះ ក្នុងបច្ឆិមភពនេះ តថាគត បាននូវការពោលបង្កាច់ ព្រោះហេតុនៃនាងសុន្ទរិកា ។ មួយទៀត តថាគត ពោលបង្កាច់សាវ័ក ឈ្មោះនន្ទ របស់ព្រះពុទ្ធ ទ្រង់គ្របសង្កត់នូវសត្វលោក ទាំងពួង តថាគតបានអន្ទោលទៅក្នុងនរកអស់កាលដ៏យូរ ព្រោះការពោល បង្កាច់នូវសាវ័កនោះ ។