អដ្ឋកថាបិលិន្ទវច្ឆត្ថេរាបទាន
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ១ ក្នុងបិលិន្ទវច្ឆវគ្គ ទី ៤០ ដូចតទៅនេះថា អបទានរបស់ព្រះបិលិន្ទវច្ឆត្ថេរ មានពាក្យផ្តើមថា នគរេ ហំសវតិយា ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមថា បទុមុត្តរៈ កើតក្នុងត្រកូលអ្នកយាមទ្វារ ក្នុងហង្សវតីនគរ មាននូវសម្បត្តិច្រើន មានភោគសម្បត្តិច្រើន សម្លឹងមើល គំនរទ្រព្យសម្បត្តិ ដែលសន្សំទុកច្រើនកោដិហើយ ទើបទៅអង្គុយក្នុងទីស្ងាត់ គិតថា អញគួរកាន់យកទ្រព្យទាំងអស់នេះទុកក្នុងផ្លូវដែលត្រូវ ហើយសឹម ទៅ ដូច្នេះ ទើបសម្រេចចិត្តថា អញគួរថ្វាយបរិក្ខារសព្វយ៉ាងដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ទើបចាប់ផ្តើមឲ្យជាងធ្វើឆត្រមួយសែន ឲ្យធ្វើបរិក្ខារ ប្រើប្រាស់គ្រប់យ៉ាងចំនួនមួយសែនផងដែរ ហើយនិមន្តព្រះមានព្រះភាគព្រះនាម ថាបទុមុត្តរៈមក ថ្វាយមហាទានដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន កាល ថ្វាយទាន ៧ ថ្ងៃយ៉ាងនេះហើយ ក្នុងថ្ងៃចុងក្រោយ បានប្រាថ្នាសូមសម្រេច ព្រះនិព្វាន ហើយធ្វើបុណ្យដ៏ច្រើនដរាបដល់អស់ជីវិត ស្លាប់ហើយបានទៅ កើតក្នុងទេវលោកសោយទិព្វសម្បត្តិច្រើនក្នុងកាមាវចរសួគ៌ទាំង ៦ ជាន់ និង បានសោយសម្បត្តិ មានចក្កពត្តិសម្បត្តិជាដើម ក្នុងមនុស្សលោក ក្នុង ពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលព្រាហ្មណ៍ រៀនចប់សិប្បស្រាស្តគ្រប់យ៉ាង ហើយ បានប្រាកដឈ្មោះថា បិលិន្ទវច្ឆៈ ដោយអំណាចគោត្ត ។ ថ្ងៃមួយបិលិន្ទវច្ឆៈនោះ បានស្តាប់ព្រះធម្មទេសនា ក្នុងសម្នាក់របស់ព្រះសាស្តា ហើយ មាននូវសទ្ធាទើបចេញបួស មិនយូរបុន្មាន