ពក្កុលត្ថេរាបទានទី ៦

ក្បាលទី 61 · ទំព័រ 156

ភ្នំឈ្មោះសោភិតៈនៅក្នុងទីជិតនៃព្រៃហិមពាន្ត អាស្រមដ៏ល្អ របស់ខ្ញុំ គឺពួកសិស្សរបស់ខ្ញុំកសាងហើយ ។ មណ្ឌបទាំងឡាយជាច្រើន ដើមឈើ ភ្លើងមានផ្ការីកក៏មានក្នុងទីនោះ ដើមខ្វិត ដើមច្បា ដើមខ្ទឹង ដើមរំចេក ក៏មានក្នុងទីនោះ ជាច្រើន ដើមចង្ហើរទ្រាយ ដើមពុទ្រា ដើមកន្ទួតព្រៃ ដើម មាក់ប្រាង វល្លិឃ្លោក ដើមស្វាយសមានផ្ការីក ក៏មានក្នុងទីនោះជាច្រើន ដើម រាក់ស ដើមព្នៅ ដើមចេក ដើមក្រូចថ្លុង ក៏មានក្នុងទីនោះ ដើមជន្លាត់ដៃ ដើមអ្រង្គង ដើមប្រយង្គុ ក៏មានច្រើនក្នុងទីនោះ ។ ដើមស្រូល ដើមស្រល់ ដើមក្ទម្ព ដើមជ្រៃក្រឹម ដើមក្រសាំង ( ក៏មានក្នុងទីនោះ ) អាស្រមរបស់ ខ្ញុំប្រាកដយ៉ាងនេះ ខ្ញុំព្រមទាំងពួកសិស្ស ក៏នៅក្នុងអាស្រមនោះ ។ ព្រះមាន ព្រះភាគព្រះនាមអនោមទស្សីជាសយម្ភូលោកនាយក ទ្រង់ស្វែងរកទីសម្រាប់ ពួនសម្ងំ ស្តេចបានចូលមកកាន់អាស្រមរបស់ខ្ញុំ ។ លុះព្រះអនោមទស្សី ព្រះអង្គ មានព្យាយាមច្រើន មានយសធំ កំពុងស្តេចចូលមក អាពាធបណ្តាលអំពី ខ្យល់ ក៏បានតាំងឡើងដល់ព្រះលោកនាថក្នុងមួយរំពេច ។ ខ្ញុំកាលត្រាច់ទៅក្នុង ព្រៃ បានឃើញព្រះលោកនាយក ក៏ចូលមកជិតព្រះសម្ពុទ្ធ ទ្រង់មានចក្ខុ មានយស ច្រើន ។ លុះខ្ញុំបានឃើញឥរិយាបថ ក៏កំណត់ទុកក្នុងកាលនោះថា ព្យាធិ ទាំងឡាយ ពិតជានឹងកើតដល់ព្រះពុទ្ធ ដោយឥតសង្ស័យ ។ ខ្ញុំបានត្រឡប់មក កាន់អាស្រម ដោយប្រញាប់ប្រញាល់ ខ្ញុំមានបំណងនឹងធ្វើថ្នាំក្នុងសំណាក់ ពួកសិស្សរបស់ខ្ញុំ ខ្ញុំបានហៅពួកសិស្សក្នុងកាលនោះ ។ ពួកសិស្សទាំងអស់ ជាអ្នកមានសេចក្តីគោរព បានទទួលស្តាប់ពាក្យរបស់ខ្ញុំ ហើយមកប្រជុំក្នុងទី