សលឡមណ្ឌបិយត្ថេរាបទានទី ៨

ក្បាលទី 61 · ទំព័រ 170

កាលព្រះកកុសន្ធៈ ទ្រង់បានបន្សាត់បាប បានអប់រំព្រហ្មចរិយធម៌ ហើយទ្រង់បរិនិព្វានទៅ ខ្ញុំបានយកកម្រងផ្កាស្រល់មកធ្វើជាមណ្ឌប ។ ខ្ញុំ បានទៅកើតក្នុងឋានតាវត្តិង្ស បាននូវវិមានដ៏ឧត្តម គ្របសង្កត់នូវទេវតាដទៃ នេះជាផលនៃបុញ្ញកម្ម ។ ខ្ញុំកាលដើរទៅមកក្តី ឈរក្តី ក្នុងវេលាថ្ងៃ ឬក្នុង វេលាយប់ ផ្កាស្រល់តែងគ្របបិទបាំងខ្ញុំ នេះជាផលនៃបុញ្ញកម្ម ។ ក្នុងកប្បនេះ ឯង ព្រោះហេតុដែលខ្ញុំបានបូជានូវព្រះពុទ្ធ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយខ្ញុំដុតចោលហើយ ភពទាំងអស់ ខ្ញុំដក ចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចដំរីកាត់ទន្លីង ។ ឱ ដំណើរដែល ខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន ប្រតិបត្តិហើយ ។ បានឮថា ព្រះសលឡមណ្ឌបិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។