អជិតត្ថេរាបទានទី ១០
ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ជាលោកនាយក ទ្រង់ដល់ នូវត្រើយនៃធម៌ទាំងពួង ស្តេចចូលទៅក្នុងព្រៃហិមពាន្ត ហើយគង់នៅ ។ ខ្ញុំ មិនធ្លាប់ស្គាល់ព្រះសម្ពុទ្ធ ទាំងមិនធ្លាប់ឮសូរសព្ទគេប្រាប់អំពីព្រះអង្គ ខ្ញុំកំពុង ដើរស្វែងរកភិក្ខាក្នុងព្រៃដើម្បីខ្លួនខ្ញុំ ។ ខ្ញុំបានឃើញព្រះសម្ពុទ្ធទ្រង់មានលក្ខណៈ ដ៏ប្រសើរ ៣២ ប្រការ ក្នុងព្រៃនោះ លុះឃើញហើយ ក៏មានសេចក្តីត្រិះរិះ ថា សត្វនេះជាអ្វីហ្ន៎ ។ ខ្ញុំខំពិនិត្យមើលលក្ខណៈទាំងឡាយ ក៏បាននឹកឃើញ នូវវិជ្ជារបស់ខ្ញុំថា សុភាសិតនេះ ខ្ញុំបានឮមកអំពីសំណាក់នៃព្រះពុទ្ធ ជាអ្នក ប្រាជ ។ បុរសនេះ ជាក់ជាព្រះពុទ្ធ សមដូចពាក្យនៃព្រះពុទ្ធទាំងនោះ បើ ដូច្នោះ អាត្មាអញគប្បីធ្វើសក្ការៈចំពោះព្រះអង្គ ព្រះអង្គនឹងញ៉ាំងគតិរបស់ អញឲ្យស្អាត ។ ខ្ញុំបានត្រឡប់មកកាន់អាស្រមដោយរួសរាន់ ហើយកាន់យក ទឹកឃ្មុំ ប្រេង និងថ្លាង ដើរចូលទៅជិតព្រះលោកនាយក ។ ខ្ញុំបានកាន់យក ឈើ ៣ កំណាត់ មកតម្កល់ទុកក្នុងទីវាល ហើយអុជប្រទីប ថ្វាយបង្គំអស់ ៨ លើក ។ ព្រះសម្ពុទ្ធជាបុរសដ៏ឧត្តម ជាលោកនាយក ទ្រង់គង់អស់ ៧ យប់ ៧ ថ្ងៃ លំដាប់តអំពីនោះមក ទ្រង់ក្រោកចាកអាសនៈ ក្នុងវេលាជាទីអស់នៃ រាត្រី ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ អស់យប់និងថ្ងៃទាំងអស់ ខ្ញុំមាន ចិត្តជ្រះថ្លា ថ្វាយប្រទីបដល់ព្រះពុទ្ធ ដោយដៃរបស់ខ្លួន ។ គ្រឿងក្រអូបទាំងពួង ដែលកើតក្នុងព្រៃ មាននៅលើភ្នំគន្ធមាទន៍ ក៏មកក្នុងសំណាក់នៃព្រះពុទ្ធ ដោយអានុភាពនៃព្រះពុទ្ធ ។ ឈើណាមួយ ដែលមានផ្ការីក ហើយមានផ្កា ក្រអូប ឈើទាំងអស់នោះ ប្រជុំគ្នាហើយ ក្នុងកាលនោះ ដោយអានុភាពនៃ