មេត្តេយ្យវគ្គោ
ខ្ញុំជាតាបសឈ្មោះសោភិតៈ អាស្រ័យនៅចុងញកភ្នំ បរិភោគ តែផ្លែឈើដែលជ្រុះឯង នៅក្នុងចន្លោះភ្នំ ។ កាលនោះ ខ្ញុំកំពុងស្វែងរក ប្រយោជន៍ដ៏ឧត្តម ដើម្បីនឹងឲ្យបានកើតក្នុងព្រហ្មលោក ខ្ញុំបាននាំយកឧស សម្រាប់ដុតភ្លើងមកដុតឲ្យឆេះ ។ ព្រះបទុមុត្តរៈជាលោកវិទូ ទ្រង់គួរទទួលនូវ គ្រឿងបូជា ព្រះអង្គមានបំណងនឹងស្រោចស្រង់ខ្ញុំ ស្តេចពុទ្ធដំណើរមកក្នុង សម្នាក់ខ្ញុំ ( ទើបត្រាស់សួរថា ) ម្នាលអ្នកមានបុណ្យធំអ្នកធ្វើអ្វី អ្នកចូរឲ្យឧសសម្រាប់ដុតភ្លើងមកតថាគត តថាគតនឹងបម្រើភ្លើង សេចក្តីស្អាតនឹងមានដល់តថាគត ព្រោះការបម្រើភ្លើង នោះ ។ ម្នាលអ្នកជាមនុស្ស អ្នកជាមនុស្សល្អ ម្នាលទេវតា អ្នកចូរស្គាល់ចុះ អ្នកចូរបង្កាត់ភ្លើងចុះ ហ៏ នេះឧសសម្រាប់បង្កាត់ភ្លើងរបស់អ្នក ។ បន្ទាប់មក ព្រះជិនស្រីទ្រង់កាន់យកឧស ហើយបង្កាត់ភ្លើងឲ្យឆេះឡើង ឯឧសក៏មិនឆេះ ក្នុងទីនោះ ព្រោះអាស្រ័យបាដិហារ្យរបស់ព្រះសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណ ដ៏ធំ ទើបទ្រង់ត្រាស់ថា ភ្លើងរបស់អ្នកក៏មិនឆេះ គ្រឿងបូជារបស់អ្នកក៏មិនមាន ដែរ អំពើរបស់អ្នកនោះ ជារបស់ឥតប្រយោជន៍ អ្នកចូរបម្រើភ្លើងរបស់ តថាគតវិញចុះ ។ បពិត្រព្រះអង្គជាមហាវីរបុរស សភាវៈអ្វីដែលព្រះអង្គហៅថាភ្លើងរបស់ ព្រះអង្គ សូមព្រះអង្គសម្តែងប្រាប់នូវសភាវៈនុ៎ះដល់ខ្ញុំ យើងទាំងពីរនាក់នឹង បម្រើភ្លើង ។ ការរលត់ធម៌ដែលជាហេតុ ១ ការដុតបំផ្លាញកិលេស ១ ការលះបង់ ឥស្សានិងមច្ឆរិយៈ ១ ទាំង ៣ នេះ ឈ្មោះថាភ្លើងជាគ្រឿងបូជារបស់តថាគត ។ បពិត្រព្រះអង្គជាមហាវីរបុរស ព្រះអង្គជាអ្វី បពិត្រព្រះអង្គនិរទុក្ខ ព្រះអង្គ ជាគោត្តអ្វី អាចារៈនិងសេចក្តីប្រតិបត្តិរបស់ព្រះអង្គ ខ្ញុំគាប់ចិត្តពេកណាស់ ។