អដ្ឋកថានន្ទកត្ថេរាបទាន
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៦ ដូចតទៅនេះថា អបទានរបស់ព្រះនន្ទកត្ថេរ មានពាក្យផ្តើមថា មិគលុទ្ទោ បុរេ អាសឹ ដូច្នេះ ។ បានឮថា ព្រះថេរៈអង្គនេះ ក្នុងកាលដែលព្រះមានព្រះភាគព្រះនាមថា បទុមុត្តរៈ កុលបុត្តនេះកើតជាសត្វករវិក ធ្វើសំឡេងយំដ៏ពីរោះ ធ្វើប្រទក្សិណ ព្រះសាស្តា ។ ក្នុងជាតិតមក កើតជាសត្វក្ងោកនៅត្រង់គុហាដែលជាលំនៅ របស់ព្រះបច្ចេកពុទ្ធមួយអង្គ មានចិត្តជ្រះថ្លា បានបន្លឺសំឡេងយំដ៏ពីរោះ ១ ថ្ងៃ ៣ ដង បានធ្វើបុណ្យច្រើនទុកក្នុងភពនោះៗ យ៉ាងនេះហើយ ក្នុងសាសនា ព្រះមានព្រះភាគនៃយើង កុលបុត្តនេះ កើតក្នុងផ្ទះមានត្រកូល ក្នុងនគរសាវត្ថី មានឈ្មោះថានន្ទកៈ ស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះសាស្តា ហើយចេញបួស ចម្រើនវិបស្សនា បានសម្រេចអរហត្ត ក្នុងកាលតមក ព្រះថេរៈរពឫកដល់ បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមក ក្នុងកាលមុន ទើបពោលពាក្យថា មិគលុទ្ទោ បុរេ អាសឹ ដូច្នេះជាដើម ។ ក្នុងអបទាននោះ មានសេចក្តីប្លែកគ្នាថា សាងមណ្ឌបហើយ យកផ្កាឈូក ទាំងឡាយប្រក់ប្រគេនដល់ព្រះបច្ចេកពុទ្ធបុណ្ណោះ ។