តោទេយ្យត្ថេរាបទានទី ៨
គ្រានោះ ក្នុងកេតុមតីបុរីដ៏ឧត្តម ព្រះរាជាព្រះនាមវិជិតជ័យ ជាស្តេចក្លៀវក្លា បរិបូណ៌ដោយព្យាយាម នៅគ្រប់គ្រងបុរី ។ កាលព្រះរាជា អង្គនោះធ្វេសប្រហែសហើយ ពួកជនជាសត្រូវនៅក្នុងដែនឧត្តរៈនិងតុណ្ឌិកៈបង្ក គ្នាឡើង លុកលុយដែនក្នុងកាលនោះ ។ កាលអ្នកបច្ចន្តគ្រាមបះបោរឡើងហើយ ព្រះរាជាទ្រង់ឲ្យប្រជុំគ្នាយ៉ាងប្រញាប់ គឺទ្រង់ញ៉ាំងអាមាត្យ និងរាជទូតទាំងឡាយ ឲ្យសង្កត់សង្កិនសត្រូវក្នុងកាលនោះ ។ ពលដំរី ពលសេះ ពល ពាក់គ្រឿងក្រោះ ពលកាន់ធ្នូ និងពលរថទាំងអស់ សុទ្ធតែជាអ្នកក្លៀវក្លាមក ប្រជុំគ្នាក្នុងកាលនោះ ។ ពួកអ្នកគ្រួ ពួកអ្នកខ្មាន់ព្រះកេស ពួកអ្នកផ្ងូតទឹក ពួកអ្នកធ្វើផ្កាកម្រងទាំងអស់ សុទ្ធតែជាពួកពិជ័យសង្រ្គាមដ៏ក្លាហានមក ប្រជុំគ្នាក្នុងកាលនោះ ។ ពួកបុរសមានដាវក្នុងដៃ មានធ្នូនិងខែលក្នុងដៃទាំងអស់ សុទ្ធតែជាពួកពិជ័យសង្រ្គាមដ៏កាច មកប្រជុំគ្នាក្នុងកាលនោះ ។ ពួកដំរី ដ៏ប្រសើរ មានអាយុ ៦០ ឆ្នាំ មានខ្សែដង្គន់និងគ្រឿងប្រដាប់ជាវិការៈនៃមាស សុទ្ធតែជាដំរីចុះប្រេង ៣ អន្លើទាំងអស់ មកប្រជុំគ្នាក្នុងទីនោះ ។ ក្រុមយុទ្ធនាធិការទាំងអស់ ដែលមានការងារធ្វើហើយ ជាអ្នកអត់ធ្មត់ចំពោះត្រជាក់ក្តៅ និងការបន្ទោបង់នូវលាមកមកប្រជុំគ្នាក្នុងកាលនោះ ។ សំឡេងស័ង្ខ សំឡេង ស្គរ ជាសំឡេងលាន់ឮឡើង ពួកជនទាំងអស់នោះរីករាយដោយសំឡេងនុ៎ះ មកប្រជុំគ្នាក្នុងកាលនោះ ។ ពួកជនទាំងអស់ ចាក់ផ្តួលដោយច្បូក កាំបិតចេោស្បែក ធ្នូ និងលំពែងស្នែងក្របី មកប្រជុំគ្នាក្នុងកាលនោះ ។