អដ្ឋកថាតោទេយ្យត្ថេរាបទាន

ក្បាលទី 61 · ទំព័រ 219

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៨ ដូចតទៅនេះថា អបទានរបស់ព្រះតោទេយ្យត្ថេរ មានពាក្យផ្តើមថា រាជាសិ វិជយោ នាម ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា រាជាសិ វិជយោ នាម សេចក្តីថា បានជា ព្រះរាជាព្រះនាមថាវិជ័យ ព្រោះទ្រង់ឈ្នះសង្រ្គាមគ្រប់លើក តាំងអំពីនៅក្មេង និងព្រោះទ្រង់ធ្វើមហាជនឲ្យត្រេកអរ គឺឲ្យជាប់ចិត្តដោយសង្គហវត្ថុ ៤ ប្រការ ។ បទថា កេតុមតីបុរុត្តមេ សេចក្តីថា ទង់សំពត់ លោកហៅថា កេតុ ន័យ ម្យ៉ាងទៀត សសរគោលរតនៈដែលគេបោះត្រង់កណ្តាលនគរ ដើម្បីលម្អព្រះនគរ នោះ មានទង់ដែលលើកឡើងជាប្រចាំ ស្រស់ល្អ ហេតុនោះទើបឈ្មោះ ថា កេតុមតីនគរ ។ ឈ្មោះថា បុរៈ ព្រោះធ្វើចិត្តរបស់មហាជនទាំងអស់ឲ្យ ពេញដោយទ្រព្យនិងធញ្ញជាតិ ។ មានទង់ផង ជាបុរៈផង ឧត្តមផង ហេតុនោះទើបឈ្មោះថា កេតុមតីបុរុត្តមៈ ។ ក្នុងកណ្តាលនគរកេតុមតីដ៏ឧត្តមនោះ ។ បទថា សូរោ វិក្កមសម្បន្នោ សេចក្តីថា ព្រះរាជាឈ្មោះថាវិជ័យ ទ្រង់ជា អ្នកក្លាហាន សម្បូរដោយវីរិយភាព ប្រថាប់នៅ ។ មានសេចក្តីប្លែកត្រឹមតែ ប៉ុណ្ណេះថា ព្រះរាជាទ្រង់លះនគរដ៏ស្តុកស្តម្ភ ទ្រព្យ និងពាហនៈគ្រប់យ៉ាង ចូលព្រៃហិមពាន្ត បួសជាឥសី បានឃើញព្រះមានព្រះភាគព្រះនាមថា សុមេធ កើតនូវសោមនស្ស ធ្វើនូវការបូជាដោយខ្លឹមចន្ទន៍ ។