ឧច្ឆង្គបុប្ផិយត្ថេរាបទានទី ៧

ក្បាលទី 61 · ទំព័រ 251

កាលនោះ ខ្ញុំជាអ្នកក្រងផ្កានៅក្នុងក្រុងពន្ធុមតី ខ្ញុំបានដាក់ផ្កា ពេញថ្នក់ ហើយដើរសំដៅផ្សារ ។ សម័យនោះ ព្រះមានព្រះភាគជាលោកនាយក មានភិក្ខុសង្ឃចោមរោម កំពុងស្តេចទៅដោយអានុភាពដ៏ធំ ។ ខ្ញុំ បានឃើញព្រះវិបស្សី ព្រះអង្គបំភ្លឺលោក ទ្រង់ចម្លងសត្វលោក ហើយយក ផ្កាអំពីថ្នក់បូជាព្រះពុទ្ធដ៏ប្រសើរ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុ ដែលខ្ញុំបានបូជាព្រះពុទ្ធដ៏ប្រសើរ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធ បូជា ។ កិលេសទាំងឡាយខ្ញុំបានដុតបំផ្លាញហើយ ភពទាំងអស់ខ្ញុំបានគាស់ រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចដំរីដ៏ប្រសើរ កាត់ផ្តាច់ នូវទន្លីង ។ ឱ ដំណើរដែលខ្ញុំមកក្នុងសម្នាក់ព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អ ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើ រួចហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឧច្ឆង្គបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។