យាគុទាយកត្ថេរាបទានទី ៨
កាលនោះ ខ្ញុំនាំភ្ញៀវរបស់ខ្ញុំមកកាន់ស្រុកតូច បានឃើញស្ទឹង មានទឹកពេញព្រៀប ហើយដើរចូលទៅកាន់អារាមរបស់សង្ឃ ។ ភិក្ខុទាំងនោះ ជាអ្នកនៅក្នុងព្រៃ ទ្រទ្រង់នូវធុតង្គៈ មានឈាន មានចីវរ ដ៏សៅហ្មង ត្រេកអរ ក្នុងទីស្ងាត់ ជាអ្នកប្រាជ្ញ នៅក្នុងអារាមរបស់សង្ឃ ។ ភិក្ខុទាំងនោះ លោក ជាអ្នករួចស្រឡះល្អហើយ ប្រកបដោយតាទិគុណ មានដំណើរដាច់ហើយ ភិក្ខុ ទាំងនោះមានស្ទឹងស្ទះផ្លូវ ក៏ខានទៅបិណ្ឌបាត ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្ត រីករាយ មានចិត្តត្រេកអរ ហើយធ្វើអញ្ជលីយកអង្ករធ្វើបបរ ប្រគេនយាគុទាន ខ្ញុំមានចិត្តជ្រះថ្លា ប្រគេនបបរដែលចម្អិនហើយដោយដៃរបស់ខ្លួន ប្រារព្ធ កម្មរបស់ខ្លួន បានទៅកើតឯឋានតាវត្តិង្ស ។ វិមានជាវិការៈនៃកែវមណី កើត សម្រាប់ខ្ញុំក្នុងពួកទេវតាឋានតាវត្តិង្ស ខ្ញុំប្រកបដោយពួកនារី ត្រេកអរក្នុងវិមាន ដ៏ប្រសើរ ។ ខ្ញុំបានជាព្រះឥន្ទ សោយរាជ្យជាស្តេចនៃទេវតាអស់ ៣៣ ដង បានសោយរាជ្យដ៏ធំ ជាស្តេចចក្រពត្តិអស់ ៣០ ដង បានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់ ខ្ញុំសោយនូវយសក្នុងទេវលោក និងមនុស្សលោក ។ ក្នុងកាលដែលដល់នូវភពជាទីបំផុត ខ្ញុំបានលះបង់សម្បត្តិអស់ ព្រមទាំងសក់ដែលកោរកាត់ រួចហើយចូលទៅកាន់ផ្នួស ។ ម្យ៉ាងទៀត កាល ខ្ញុំពិចារណានូវសាកសពដោយកិរិយាអស់ទៅនិងការសូន្យទៅ ក៏បានសម្រេច ព្រះអរហត្ត ដោយការបំពេញនូវសិក្ខាក្នុងកាលមុន ។ ទានដ៏ប្រសើរខ្ញុំបាន ឲ្យហើយដោយប្រពៃ ទានកើតឡើងដោយដៃ ខ្ញុំបានប្រកបប្រពៃហើយ ខ្ញុំ ជាបុគ្គលបានដល់នូវអចលបទ គឺនិព្វានដោយយាគុទាននោះឯង ។