បត្ថោទនទាយកត្ថេរាបទានទី ៩

ក្បាលទី 61 · ទំព័រ 254

កាលពីភពមុន ខ្ញុំបានកើតជាថ្មើរព្រៃ ប្រកបការក្នុងព្រៃរឿយៗ បានយកបាយដែលចម្អិនដោយអង្ករចំនួនមួយនាឡិ ហើយដើរទៅធ្វើការងារ ។ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ជាព្រះសយម្ភូ ទ្រង់ឈ្នះមារ ព្រះអង្គកំពុងស្តេចចេញ ពីព្រៃទៅបិណ្ឌបាតក្នុងទីនោះ លុះខ្ញុំបានឃើញហើយ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាថា អញ័រវល់តែប្រកបក្នុងការងារឲ្យអ្នកដទៃ ចំណែកបុណ្យរបស់អញមិនមាន ឥឡូវនេះ បាយដែលចម្អិនដោយអង្ករមួយនាឡិនេះមាន អញនឹងនិមន្តព្រះមុនី នេះឲ្យឆាន់បាយនេះ ។ ខ្ញុំយកបាយដែលចម្អិនដោយអង្ករមួយនាឡិថ្វាយ ព្រះសយម្ភូ កាលខ្ញុំកំពុងតែសម្លឹងមើលព្រះមហាមុនីទ្រង់សោយ ។ ខ្ញុំលះបង់ រាងកាយជារបស់មនុស្សហើយ បានទៅកើតឯឋានតាវត្តិង្ស ដោយកម្ម ដែលធ្វើល្អហើយនោះផង ដោយការតម្កល់ចេតនានោះផង ។ ខ្ញុំបានជាព្រះឥន្ទ សោយរាជ្យជាស្តេចទេវតាអស់ ៣២ ដង បានជាស្តេចចក្រពត្តិអស់ ៣៣ ដង ។ បានសោយរាជ្យជាក្សត្រប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់ ខ្ញុំ ជាអ្នកដល់សេចក្តីសុខ មានយស នេះជាផលនៃបាយដែលចម្អិនដោយអង្ករ មួយនាឡិ ។ ខ្ញុំកាលអន្ទោលទៅមកក្នុងភពតូចនិងភពធំ រមែងបានទ្រព្យរាប់ មិនអស់ ខ្ញុំមិនដែលមានការខ្វះខាតភោគៈឡើយ នេះជាផលនៃបាយដែល ចម្អិនដោយអង្ករមួយនាឡិ ។ ភោគៈទាំងឡាយដែលមានចំណែកប្រៀបដូច ខ្សែទឹកទន្លេរមែងកើតសម្រាប់ខ្ញុំ ខ្ញុំមិនអាចរាប់ភោគៈទាំងនោះ ឲ្យសព្វគ្រប់ បានឡើយ នេះជាផលនៃបាយដែលចម្អិនដោយអង្ករមួយនាឡិ ។ ( ពួកជន តែងពោលថា ) អ្នកចូរទំពាស៊ីចំណីនេះ ចូរបរិភោគអាហារនេះ ចូរដេកលើ ដំណេកនេះ ព្រោះហេតុនេះ ខ្ញុំជាបុគ្គលបានសុខស្រួល នេះជាផលនៃបាយ ដែលចម្អិនដោយអង្ករមួយនាឡិ ។