មញ្ចទាយកត្ថេរាបទានទី ១០
កាលព្រះលោកនាយក ព្រះនាមសិទ្ធត្ថៈ ប្រកបដោយសេចក្តី ករុណា ទ្រង់បរិនិព្វានហើយ កាលសាសនាកំពុងផ្សាយចេញទៅ មានពួក ទេវតានិងមនុស្សធ្វើសក្ការៈហើយ ។ ខ្ញុំកើតជាមនុស្សចណ្ឌាល អ្នកធ្វើតាំង ឈ្មោះអាសន្ទិ ( តាំងមានជ្រុង ៤ ស្មើ ) ក្នុងទីនោះ ខ្ញុំរស់នៅដោយការងារ នោះ ទាំងបានចិញ្ចឹមទារកនិងប្រពន្ធដោយការងារនោះដែរ ។ ខ្ញុំមានចិត្តជ្រះថ្លា បានធ្វើតាំងឈ្មោះអាសន្ទិ វិចិត្រយ៉ាងល្អដោយដៃរបស់ខ្លួន ហើយនាំចូលទៅ ប្រគេនព្រះភិក្ខុសង្ឃដោយខ្លួនឯង ។ ខ្ញុំលះបង់រាងកាយជារបស់មនុស្ស ហើយ បានទៅកើតឯឋានតាវត្តិង្ស ដោយកម្មដែលខ្លួនធ្វើល្អហើយនោះផង ដោយការតម្កល់ចេតនានោះផង ។ ខ្ញុំកាលទៅកាន់ទេវលោក រមែងរីករាយ ក្នុងពួកទេវតានៅឋានតាវត្តិង្ស ទីសម្រាប់ដេកមានថ្លៃច្រើន ក៏កើតឡើងតាម សេចក្តីប្រាថ្នា ( របស់ខ្ញុំ ) ។ ខ្ញុំបានជាព្រះឥន្ទ សោយរាជ្យជាស្តេចនៃទេវតា អស់ ៥០ ដង ទាំងបានជាស្តេចចក្កព្រត្តិអស់ ៨០ ដង ។ ខ្ញុំបានសោយរាជ្យជាក្សត្រប្រទេសរាជ្យដ៏ធំទូលាយរាប់ជាតិមិនអស់ ខ្ញុំជាបុគ្គលមានសេចក្តី សុខ មានយស នេះជាផលនៃការថ្វាយគ្រែ ។ កាលខ្ញុំច្យុតចាកទេវលោក មកកាន់ភពជារបស់មនុស្សវិញ ទីសម្រាប់ដេកដ៏ល្អ មានតម្លៃច្រើន ក៏កើតឡើង ឯងៗសម្រាប់ខ្ញុំ ។ នេះរាងកាយខាងក្រោយបំផុតរបស់ខ្ញុំ ភពជាទីបំផុត របស់ខ្ញុំកំពុងតែប្រព្រឹត្តទៅ ថ្ងៃនេះទីសម្រាប់ដេកក៏កើតឡើង ( សម្រាប់ខ្ញុំ ) ក្នុងកាលជាទីដេក ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ បាន ប្រគេនគ្រែ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយ គ្រែ ។