ឯកសង្ខិយត្ថេរាបទានទី ២
មានពិធីឆ្លងដើមពោធិព្រឹក្សរបស់ព្រះមានព្រះភាគ ព្រះនាម វិបស្សី មហាជនមកជួបជុំគ្នាបូជាដើមពោធិព្រឹក្សដ៏ឧត្តម ។ ដើមពោធិព្រឹក្ស ប្រាកដដូច្នេះរបស់ព្រះសាស្តាអង្គណាដែលជនទាំងឡាយគួរបូជា ព្រះសាស្តា អង្គនោះ ជាព្រះសម្ពុទ្ធដ៏ប្រសើរ ទ្រង់មានប្រាជ្ញា ព្រះអង្គប្រាសចាកសេចក្តី សោកដ៏ធំ ។ លំដាប់នោះ ខ្ញុំកាន់ស័ង្ខចូលទៅបម្រើពោធិព្រឹក្ស ខ្ញុំផ្លុំស័ង្ខហើយ ថ្វាយបង្គំពោធិព្រឹក្សដ៏ឧត្តមតែរាល់ៗថ្ងៃ ។ កុសលកម្មដែលខ្ញុំធ្វើហើយក្នុង ទីជិត ខ្ញុំក៏បានទៅកើតក្នុងទេវលោក សាកសព ខ្ញុំទម្លាក់ចោលហើយ ខ្ញុំតែង ត្រេកអរក្នុងទេវលោក ។ ខ្ញុំតែងត្រេកត្រអាល ស្រស់ស្រាយរីករាយនឹង តូរ្យតន្រ្តី ៦ ម៉ឺន តូរ្យតន្រ្តីនោះ តែងបម្រើខ្ញុំសព្វៗកាល នេះជាផលនៃពុទ្ធ បូជា ។ ក្នុងកប្បទី ៧១ ខ្ញុំបានកើតជាស្តេចឈ្មោះសុទស្សនៈ ជាអ្នកឈ្នះ សង្រ្គាម មានសមុទ្ទទាំង ៤ ជាព្រំប្រទល់ ជាឥស្សរៈក្នុងជម្ពូទ្វីប ។ លំដាប់ នោះ តូរ្យតន្រ្តី ៨០០ តែងចោមរោមខ្ញុំសព្វៗកាល ខ្ញុំបានទទួលផលនៃកុសលកម្មរបស់ខ្លួន នេះជាផលនៃការបម្រើ ។ ខ្ញុំកើតក្នុងកំណើតណាៗ ទោះជា ទេវតាឬជាមនុស្ស កាលដែលខ្ញុំឋិតនៅក្នុងផ្ទៃនៃមាតា ស្គរទាំងឡាយតែង ប្រគំសព្វៗកាល ។ ព្រោះខ្ញុំបម្រើនូវព្រះសម្ពុទ្ធ ទើបបានសម្បត្តិទាំងឡាយ ហើយដល់នូវព្រះនិព្វាន ជាបទដ៏ក្សេម មិនមានមន្ទិល មិនចេះស្លាប់ មិន កម្រើក ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើនូវកុសលកម្មក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។