បាដិហិរសញ្ញកត្ថេរាបទានទី ៣

ក្បាលទី 61 · ទំព័រ 285

ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់គួរទទួលគ្រឿងបូជា ក្នុង កាលនោះ ព្រះអង្គស្តេចចូលទៅក្នុងទីក្រុង មួយអន្លើដោយភិក្ខុមួយសែនអង្គ សុទ្ធតែជាអ្នកស្ទាត់ស្ទាញ ។ កាលព្រះសម្ពុទ្ធទ្រង់មានព្រះហប្ញទ័យស្ងប់រម្ងាប់ មិនញាប់ញ័រដោយលោកធម៌ ស្តេចចូលទៅក្នុងទីក្រុង ក្នុងខណៈនោះ មានសំឡេងគឹកកងក្នុងការក្រោកទទួល ត្រង់ច្រកផ្លូវ ។ ក្នុងកាលនោះ ព្រះ សម្ពុទ្ធស្តេចចូលទៅក្នុងបុរី ពិណទាំងឡាយ បុគ្គលឥតប្រគំ ឥតវាយឡើយ ក៏ស្រាប់តែប្រគំដោយខ្លួនឯង ដោយអានុភាពនៃព្រះពុទ្ធ ។ ខ្ញុំក៏នមស្ការនូវ ព្រះពុទ្ធដ៏ប្រសើរ ព្រះនាមបទុមុត្តរៈ ជាអ្នកប្រាជធំផង ឃើញនូវបាដិហារ្យ ហើយញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងបាដិហារ្យនោះផងថា ឱ ព្រះពុទ្ធ ឱ ព្រះធម៌ ឱ សម្បទានៃព្រះសាស្តារបស់យើងទាំងឡាយ តូរ្យតន្រ្តីទាំងឡាយ សូម្បី ឥតចេតនាសោះ ក៏បែរជាប្រគំដោយខ្លួនឯង ។ ក្នុងកប្បទីមួយសែនអំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបាននូវសញ្ញាក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសេចក្តីសម្គាល់ក្នុងព្រះសម្ពុទ្ធ ។ កិលេសទាំងឡាយខ្ញុំបានដុត បំផ្លាញហើយ ភពទាំងអស់ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរផ្តាច់នូវទន្លីង ។ ឱ ដំណើរដែលខ្ញុំមកក្នុងសម្នាក់ នៃព្រះពុទ្ធរបស់ខ្ញុំជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ ហើយ ។ បានឮថា ព្រះបាដិហិរសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។