ញាណត្ថវិកត្ថេរាបទានទី ៤

ក្បាលទី 61 · ទំព័រ 286

ខ្ញុំឃើញព្រះសម្ពុទ្ធ ទ្រង់ឧត្តមជាងសត្វជើងពីរ ទ្រង់រុងរឿងដូច ផ្កាកណិការ ឬដូចដើមទីបព្រឹក្សដ៏ភ្លឺព្រោងព្រាត ពុំនោះសោត ដូចជាមាស ភ្លឺរន្ទាលច្រាលឆ្អៅ ។ ខ្ញុំតម្កល់ទុកនូវថូទឹក សំពត់សម្បកឈើ និងកុណ្ឌីទឹក ហើយធ្វើសំពត់ស្បែកខ្លាឆៀងស្មាម្ខាង ពោលសរសើរនូវព្រះពុទ្ធដ៏ប្រសើរថា បពិត្រព្រះមហាមុនី ព្រះអង្គទ្រង់កម្ចាត់បង់នូវងងឹតអន្ធការ ដ៏ដេរដាសដោយ បណ្តាញគឺមោហៈ ទ្រង់សម្តែងនូវពន្លឺគឺញាណ ព្រះអង្គទ្រង់ឆ្លងទុក្ខផុតហើយ ព្រះអង្គទ្រង់ស្រោចស្រង់នូវលោកទាំងអស់នេះដែលមិនទាន់រើខ្លួនរួច ដំណើរ នៃផែនដីមានកំណត់ត្រឹមណា សេចក្តីប្រៀបផ្ទឹមដោយញាណរបស់ព្រះអង្គ មិនមានកំណត់ត្រឹមនោះឡើយ ។ ព្រះសម្ពុទ្ធដែលអ្នកប្រាជទាំងឡាយហៅ ថា សព្វញ្ញូ សព្វញ្ញូ ព្រោះញាណនោះ ខ្ញុំសូមថ្វាយបង្គំនូវព្រះសព្វញ្ញូអង្គ នោះ ដែលមានព្យាយាមធំ ទាំងមិនមានអាសវៈ ។ ក្នុងកប្បទីមួយសែនអំពី កប្បនេះ ព្រោះហេតុដែលខ្ញុំពោលសរសើរនូវព្រះសម្ពុទ្ធដ៏ប្រសើរ ក្នុងកាល នោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសេចក្តីសរសើរនូវព្រះញាណ ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង ។ ឱ ដំណើរ ដែលខ្ញុំមកក្នុង សម្នាក់នៃព្រះពុទ្ធរបស់ខ្ញុំជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិរួចហើយ ។