ឧច្ឆុក្ខណ្ឌិកត្ថេរាបទានទី ៥
ខ្ញុំកើតជាអ្នករក្សាទ្វារក្នុងនគរពន្ធុមតី បានឃើញព្រះពុទ្ធ ព្រះអង្គ មានធូលីទៅប្រាសហើយ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ។ ខ្ញុំមានចិត្ត ជ្រះថ្លា មានចិត្តរីករាយ បានយកអំពៅមួយកំណាត់ទៅថ្វាយព្រះពុទ្ធដ៏ប្រសើរ ព្រះនាមវិបស្សី ព្រះអង្គជាអ្នកស្វែងរកនូវគុណដ៏ធំ ។ ក្នុងកប្បទី ៩១ អំពី ភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយអំពៅ ក្នុងកាលនោះ ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃអំពៅមួយកំណាត់ ។ កិលេសទាំងឡាយ ខ្ញុំដុត បំផ្លាញហើយ ភពទាំងអស់ខ្ញុំបានគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង ។ ឱ ដំណើរដែលខ្ញុំមកក្នុង សម្នាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឧច្ឆុក្ខណ្ឌិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។