វិភីតកវគ្គោ

ក្បាលទី 61 · ទំព័រ 296

ព្រះសម្ពុទ្ធព្រះនាមកកុសន្ធៈ មានព្យាយាមធំ ទ្រង់ដល់នូវ ត្រើយនៃធម៌ទាំងពួង ព្រះអង្គទ្រង់ចៀសចេញចាកពួក ហើយស្តេចទៅតាម ចន្លោះព្រៃ ។ ខ្ញុំយកផ្លែសម៉ពិភេទក៍ដោតនឹងវល្លិ សម័យនោះ ព្រះមានព្រះភាគ ទ្រង់ចម្រើនឈានត្រង់ចន្លោះភ្នំ ខ្ញុំបានឃើញព្រះមានព្រះភាគ ជាទេវតា ក្រៃលែងជាងទេវតា ក៏មានចិត្តជ្រះថ្លា ហើយថ្វាយផ្លែសម៉ពិភេទក៍ដល់ព្រះអង្គ ជាអ្នកប្រាជ្ញ ជាទិក្ខណេយ្យបុគ្គល ។ ក្នុងកប្បនេះឯង ព្រោះហេតុដែល ខ្ញុំបានថ្វាយផ្លែសម៉ពិភេទក៍ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃផ្លែសម៉ពិភេទក៍ ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវ ទន្លីង ។ ឱ ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះវិភេទកពីជិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។