ភល្លាតកទាយកត្ថេរាបទានទី ៤

ក្បាលទី 61 · ទំព័រ 300

ព្រះសម្ពុទ្ធមានវណ្ណៈដូចមាស មានលក្ខណៈ ៣២ ដ៏ប្រសើរ ទ្រង់ស្តេចទៅកាន់ជាយព្រៃធំ ព្រះអង្គដូចជាសាលរាជព្រឹក្ស មានផ្ការីកហើយ ។ ខ្ញុំក្រាលកម្រាលស្មៅ រួចហើយអារាធនាព្រះសម្ពុទ្ធដ៏ប្រសើរថា សូមព្រះ សម្ពុទ្ធអនុគ្រោះខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គប្រាថ្នានឹងថ្វាយចង្ហាន់ ។ ឯព្រះសម្ពុទ្ធ ទ្រង់ព្រះនាមអត្ថទស្សី ទ្រង់អនុគ្រោះ ប្រកបដោយករុណា ទ្រង់មានយសធំ ទ្រង់ជ្រាបនូវសេចក្តីត្រិះរិះរបស់ខ្ញុំ ហើយស្តេចចូលទៅក្នុងអាស្រមរបស់ខ្ញុំ ។ ព្រះសម្ពុទ្ធស្តេចចូលទៅគង់លើកម្រាលស្លឹកឈើ ខ្ញុំបានយកផ្លែក្រខុបថ្វាយ ព្រះសម្ពុទ្ធដ៏ប្រសើរ ។ កាលខ្ញុំកំពុងសម្លឹងមើល ព្រះជិនស្រីទ្រង់សោយរួចហើយ ខ្ញុំក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាចំពោះព្រះអង្គ ហើយថ្វាយបង្គំព្រះជិនស្រីក្នុង កាលនោះ ក្នុងកប្បទី ១…៨០០ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើក្នុងកាល នោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែឈើ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង ។ ឱ ដំណើរដែលខ្ញុំមកក្នុង សម្នាក់នៃព្រះពុទ្ធរបស់ខ្ញុំជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនា របស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះភល្លាតកទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។