សីហាសនិកត្ថេរាបទានទី ៧
ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយសីហាសនៈ ដល់ ព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ ព្រះអង្គស្វែងរកប្រយោជន៍ដល់សត្វទាំងពួង ។ ខ្ញុំនៅក្នុងទីណាៗ ក្នុងទេវលោក ឬក្នុងមនុស្សលោក រមែងបាននូវ វិមានដ៏ធំទូលាយ ក្នុងទីនោះៗ នេះជាផលនៃសីហាសនៈ ។ បល្ល័ង្កទាំងឡាយ ដ៏ច្រើន សុទ្ធតែជាវិការៈនៃមាសនិងប្រាក់ផង ជាវិការៈនៃកែវក្រហម ផង ជាវិការៈនៃកែវមណីផង តែងកើតឡើងសម្រាប់ខ្ញុំសព្វៗកាល ។ ខ្ញុំ កើតក្នុងត្រកូលខ្ពស់ ព្រោះតែធ្វើអាសនៈទៀបដើមពោធិព្រឹក្សថ្វាយព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ឱ ភាពនៃព្រះធម៌ជាធម៌ដ៏ល្អ ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើនូវសីហាសនៈក្នុងកាលនោះ ខ្ញុំមិន ដែលស្គាល់ទុគ្គតិ នេះជាផលនៃសីហាសនៈ ។ កិលេសទាំងឡាយខ្ញុំដុត ចោលហើយ ភពទាំងពួងខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជា ដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង ។ ឱ ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធ របស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំ បានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសីហាសនិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។