តិណុក្កធារិយត្ថេរាបទានទី ៤

ក្បាលទី 61 · ទំព័រ 313

ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានអុជគប់ភ្លើង ៣ ( តម្កល់ ទុក ) ត្រង់ដើមពោធិព្រឹក្សដ៏ឧត្តមរបស់ព្រះពុទ្ធព្រះនាមបទុមុត្តរៈ ។ ក្នុងកប្បទី មួយសែនអំពីកប្បនេះ ព្រោះហេតុដែលខ្ញុំអុជគប់ភ្លើងក្នុងកាលនោះ ខ្ញុំមិន ដែលស្គាល់ទុគ្គតិ នេះជាផលនៃការឲ្យនូវគប់ភ្លើង ។ កិលេសទាំងឡាយ ខ្ញុំ ដុតបំផ្លាញហើយ ភពទាំងពួងខ្ញុំដកហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធ របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះតិណុក្កធារិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។