អក្កមនទាយកត្ថេរាបទានទី ៥
ក្បាលទី 61 · ទំព័រ 314
ខ្ញុំបានថ្វាយកម្រាលសម្រាប់ជាន់ដល់ព្រះមុនីព្រះនាមកកុសន្ធៈ ជាខីណាសវព្រាហ្មណ៍ មានព្រហ្មចរិយធម៌នៅហើយ ដែលស្តេចទៅកាន់ទី ជាទីសម្រាកក្នុងវេលាថ្ងៃ ។ ក្នុងកប្បនេះឯង ព្រោះហេតុដែលខ្ញុំបានថ្វាយ ទានក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃកម្រាលសម្រាប់ ជាន់ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោល ហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធខ្ញុំ ក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះអក្កមនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។