វនកោរណ្ឌិយត្ថេរាបទានទី ៦

ក្បាលទី 61 · ទំព័រ 315

ខ្ញុំបានយកផ្កាកន្ទុយដំរីក្នុងព្រៃ ទៅបូជាចំពោះព្រះពុទ្ធ ព្រះនាម សិទ្ធត្ថៈមានព្រះភាគ ជាធំក្នុងលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌ ។ ក្នុង កប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កាក្នុងកាលនោះ ខ្ញុំមិន ដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញ ហើយ ភពទាំងអស់ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធ របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះវនកោរណ្ឌិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។ ចប់ វនកោរណ្ឌិយត្ថេរាបទាន ។ ចប់ ភាណវារៈទី ២០ ។