ឯកច្ឆត្តិយត្ថេរាបទានទី ៧
ផែនដីកំពុងក្តៅដូចរងើកភ្លើង ផែនដីកំពុងប្រព្រឹត្តទៅដូចជាផេះ ព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ ទ្រង់ចង្រ្កមក្នុងទីវាល ។ ខ្ញុំបានបាំងឆត្រសដើរទៅកាន់ផ្លូវឆ្ងាយ ខ្ញុំឃើញព្រះសម្ពុទ្ធហើយ ក៏កើតគំនិតក្នុងទីនោះថា ផែនដីផ្សាយចេញនូវថ្ងៃបណ្តើរកូន ផែនដីនេះក្តៅដូចជារងើកភ្លើង ខ្យល់ធំ ខ្លាំងតាំងឡើង បំបេងនូវធូលីទៅកាន់សរីរកាយ ។ ឆត្រនេះសម្រាប់ការពារ ខ្យល់និងកម្តៅថ្ងៃ កម្ចាត់បង់នូវត្រជាក់និងក្តៅ សូមព្រះអង្គទទួលយកនូវឆត្រ នេះចុះ ខ្ញុំព្រះអង្គនឹងបានព្រះនិព្វាន ។ កាលនោះព្រះជិនស្រីព្រះនាមបទុមុត្តរៈ មានយសច្រើន ទ្រង់អនុគ្រោះប្រកបដោយសេចក្តីករុណា ទ្រង់បានទទួលយក ព្រោះជ្រាបនូវតម្រិះរបស់ខ្ញុំ ។ ខ្ញុំកើតជាព្រះឥន្ទជាស្តេចទេវតាសោយរាជ្យ ក្នុងទេវលោកអស់ ៣០ កប្ប បានជាស្តេចចក្រពត្តិអស់ ៥០០ ដង ។ បានសោយបទេសរាជ្យដ៏ធំទូលាយរាប់ជាតិមិនអស់ ខ្ញុំបានទទួលផលនៃកម្ម របស់ខ្លួនដែលខ្លួនធ្វើល្អហើយក្នុងកាលមុន ។ នេះជាតិជាទីបំផុតរបស់ខ្ញុំ ភព ខាងក្រោយកំពុងប្រព្រឹត្តទៅ ថ្ងៃនេះឆត្រសគេតែងបាំងឲ្យខ្ញុំសព្វ ៗ កាល ។ ក្នុងកប្បទីមួយសែនអំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយឆត្រ ក្នុងកាល នោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយឆត្រ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុង សម្នាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ