សាលកុសុមិយវគ្គោ
ក្បាលទី 61 · ទំព័រ 323
កាលព្រះមានព្រះភាគព្រះនាមបទុមុត្តរៈទ្រង់បរិនិព្វានហើយ ខ្ញុំបានបូជាផ្ការាំងចំពោះជើងថ្ករដែលគេលើកឡើងហើយ ។ ក្នុងកប្បទីមួយសែនអំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កាក្នុងកាលនោះ ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃការបូជាជើងថ្ករ ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញ ហើយ ភពទាំងអស់ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធ របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសាលកុសុមិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។