អវដផលិយត្ថេរាបទានទី ៦

ក្បាលទី 61 · ទំព័រ 328

ព្រះសម្ពុទ្ធមានព្រះភាគ ជាសយម្ភូ ទ្រង់មានរស្មីច្រើន ព្រះអង្គ ឈ្នះកិលេសមារ ទ្រង់ប្រាថ្នានូវវិវេក ស្តេចចេញទៅដើម្បីគោចរ ។ ខ្ញុំ កាន់ផ្លែឈើក្នុងដៃ លុះឃើញព្រះពុទ្ធដ៏ប្រសើរជាងពួកនរៈហើយ ក៏ចូលទៅ ជិត ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយនូវផ្លែឈើឥតទងនោះ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែឈើ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួងខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះ បានកាត់ចំណង ដូចដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសម្នាក់នៃ ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើ ហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះអវដផលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។ ។