លពុជផលទាយកត្ថេរាបទានទី ៧
ក្នុងកាលនោះ ខ្ញុំជាញោមវត្តក្នុងនគរពន្ធុមវតី បានឃើញ ព្រះពុទ្ធទ្រង់ប្រាសចាកធូលី កំពុងស្តេចយាងទៅក្នុងអាកាស ។ ខ្ញុំបានយក ផ្លែខ្នុរសម្លទៅថ្វាយដល់ព្រះពុទ្ធប្រសើរ ឯព្រះពុទ្ធមានយសច្រើន ទ្រង់ឈរ ទទួលក្នុងអាកាស ព្រះអង្គញ៉ាំងសេចក្តីត្រេកអរឲ្យកើតដល់ខ្ញុំ ទ្រង់នាំមកនូវ សេចក្តីសុខក្នុងបច្ចុប្បន្ន ព្រោះបានថ្វាយផ្លែខ្នុរដល់ព្រះពុទ្ធ ដោយចិត្តជ្រះថ្លា នោះ ។ ក្នុងកាលណោះ ខ្ញុំបាននូវបីតិដ៏ធំទូលាយ ជាសុខដ៏ឧត្តម កែវតែង កើតឡើងសម្រាប់ខ្ញុំដែលកើតក្នុងភពនោះៗ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែខ្នុរក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ ជាផលនៃការថ្វាយផ្លែខ្នុរ ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរី កាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះលពុជផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។