មិលក្ខុផលទាយកត្ថេរាបទានទី ៨

ក្បាលទី 61 · ទំព័រ 330

ខ្ញុំបានឃើញព្រះពុទ្ធ ព្រះនាមអត្ថទស្សី មានយសច្រើន គង់ នៅក្នុងចន្លោះព្រៃ ហើយមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយផ្លែលៀប ( ដល់ព្រះអង្គ ) ។ ក្នុងកប្បទី ១…៨០០ ព្រោះហេតុដែលខ្ញុំបានឲ្យនូវផ្លែលៀប ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែលៀប ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ខ្ញុំដកចោលហើយ ខ្ញុំមិន មានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមក ល្អហើយក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនា របស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះមិលក្ខុផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។