នឡមាលិវគ្គោ
ខ្ញុំបានឃើញនូវព្រះសម្ពុទ្ធ មានវណ្ណៈដូចមាស ជាលោកនាយក ទ្រង់គួរទទួលនូវគ្រឿងបូជា ស្តេចទៅតាមជាយព្រៃធំ ។ ខ្ញុំកាន់យកកម្រង ផ្កាបបុស ហើយចេញទៅក្នុងខណៈនោះ បានឃើញព្រះសម្ពុទ្ធ ទ្រង់ឆ្លងឱឃៈ ព្រះអង្គមិនមានអាសវៈ គង់នៅក្នុងព្រៃនោះ ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្ត រីករាយ បានបូជាកម្រងផ្កាបបុសចំពោះព្រះពុទ្ធ ជាទក្ខិណេយ្យបុគ្គល ព្រះអង្គ មានព្យាយាមច្រើន ទ្រង់អនុគ្រោះសព្វសត្វលោក ។ ក្នុងកប្បទី ៣១ អំពី កប្បនេះ ព្រោះហេតុដែលខ្ញុំបូជាផ្កាក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ ជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងពួងខ្ញុំ ដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់ នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបាន ដល់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះនឡមាលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។