សុមនវីជនិយត្ថេរាបទានទី ៤
ក្បាលទី 61 · ទំព័រ 343
ខ្ញុំមានចិត្តរីករាយចំពោះពោធិព្រឹក្សដ៏ឧត្តមរបស់ព្រះមានព្រះភាគ ព្រះនាមវិបស្សី ហើយយកផ្លិតទៅបក់ថ្វាយនូវពោធិព្រឹក្សដ៏ឧត្តម ។ ក្នុង កប្បទី ៩១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានបក់នូវពោធិព្រឹក្សដ៏ឧត្តម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបក់ផ្លិត ។ កិលេស ទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងពួងខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសុមនវីជនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។